កាមរោគជាជំងឺឆ្លងតាមការរួមភេទជាមួយអ្នកផ្ទុកជំងឺកាមរោគ ដោយមិនបានប្រើប្រាស់ស្រោមអនាម័យ ឬប្រើដែរតែមិនបានត្រឹមត្រូវ។ ជាងនេះទៅទៀត ជំងឺនេះក៏អាចឆ្លងតាមរយៈការបញ្ចូលឈាម ដោយប្រើម្ជុលចាក់រួមគ្នាផងដែរ ។
រោគសញ្ញានៃជំងឺកាមរោគមាន៖
-ហូរខ្ទុះពីតម្រងឈាម
-ពងទឹក ឬដំបៅលើប្រដាប់បន្តពូជ
-ហើមក្រលៀន ។
គ្រប់អ្នកជំងឺកាមរោគមិនមែនសុទ្ធតែមានរោគសញ្ញាទាំងអស់នោះដូចគ្នាទេ ព្រោះអ្នកខ្លះបានឆ្លងជំងឺកាមរោគតែគ្មានរោគសញ្ញាទ្បើយ ។ ដូច្នេះបើសិនជាលោកអ្នកបានរួមភេទដោយមិនបានប្រើប្រាស់ស្រោមអនាម័យ ស្រោមអនាម័យរហែក ឬរបូតនៅពេលរួមភេទ ត្រូវទៅជួបគ្រូពេទ្យនិងព្យាបាលជាបន្ទាន់ ព្រោះជំងឺកាមរោគអាចព្យាបាលបាន បើសិនជាលោកអ្នកទៅជួបជាមួយគ្រូពេទ្យឱ្យបានទាន់ពេលវេលា ។ ជាពិសេសអ្នកដែលមានរោគសញ្ញាដូចខាងលើ ចូរកុំព្យាយាមព្យាបាលដោយខ្លួនឯងឱ្យសោះ ត្រូវទៅជួបជាមួយគ្រូពេទ្យដែលមានជំនាញផ្នែកជំងឺកាមរោគទើបជាការប្រសើរ ហើយកន្លែងដែលលោកអ្នកទៅព្យាបាលមាន គ្លីនិករ៉ាក់ មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នក ។
ការប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវអាចចៀសផុតពីជំងឺកាមរោគ មេរោគអេដស៍ និងការពារមិនឱ្យមានកូន បានដោយលោកអ្នកត្រូវអនុវត្តតាមវិធីខាងក្រោមនេះ៖
-មើលថ្ងៃខែផលិត និងពិនិត្យស្រោមអនាម័យ ក្រែងមានធ្លុះធ្លាយ ។
-ហែកសម្បកស្រោមអនាម័យដោយប្រុងប្រយ័ត្នដើម្បីកុំឱ្យរហែកស្រោមខាងក្នុង ។
-ច្របាច់ផ្នែកខាងចុងនៃស្រោមអនាម័យកុំឱ្យមានខ្យល់ ការពារកុំឱ្យធ្លាយនៅពេលបើកប្រតិបត្តិការ ហើយបំពាក់នៅលើលិង្គដែលទ្បើងរឹង ។
-ពន្លាស្រោមអនាម័យរហូតដល់គល់លិង្គដោយប្រុងប្រយ័ត្ន ។
-ក្រោយពេលចេញទឹកកាម ត្រូវដកលិង្គចេញឱ្យបានមុនពេលលិង្គទន់(អស់ឥទ្ធិពល)ដោយប្រើក្រដាសឬក្រណាត់ស្អាតទ្រាប់ដៃ
ដើម្បីដោះស្រោមអនាម័យចេញពីលិង្គ ។
-ខ្ចប់ស្រោមអនាម័យរួចចោលក្នុងធុងសំរាម ហើយលាងសំអាតដៃ និងលិង្គឱ្យស្អាត ។
បើសិនជាលោកអ្នកដែលកើតមានជំងឺកាមរោគហើយមិនបានធ្វើការព្យាបាលឬព្យាបាលមិនទាន់ពេលវេលា ឬក៏ព្យាបាលមិនបានត្រឹមត្រូវ ជំងឺកាមរោគអាចបង្កឱ្យមានផលវិបាកមួយចំនួនដូចជា៖
-មានភាពងាយស្រួលក្នុងការចម្លងជំងឺអេដស៍
-គ្មានកូន(ទាំងបុរសនិងស្ត្រី)
ការព្យាបាលជំងឺកាមរោគត្រូវតែអនុវត្តតាមវិធីសាស្ត្រខាងក្រោម៖
-ត្រូវព្យាបាលទាំងដៃគូរួមភេទ(ព្យាបាលទាំង២នាក់)
-លេបថ្នាំតាមការណែនាំរបស់គ្រូពេទ្យ
-ក្នុងអំទ្បុងពេលព្យាបាលត្រូវតមការរួមភេទ ឬរួមភេទដោយប្រើប្រាស់ស្រោមអនាម័យ
-អ្នកជំងឺគូរតែទៅពិនិត្យឈាមរកមេរោគអេដស៍
-មិនត្រូវរួមភេទនៅពេលមានជំងឺកាមរោគ ឬមិនទាន់ជាសះស្បើយ
-ហាមព្យាបាលដោយខ្លួន ។
យើងមិនដឹងថា អ្នកណាម្នាក់មានផ្ទុកជំងឺកាមរោគក្រៅពីការពិនិត្យឈាមនោះទេ ។ ដូច្នេះបើបុរសសម្រេចចិត្តរួមភេទជាមួយនារីណាម្នាក់ត្រូវប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ ទើបមានសុវត្ថិភាព ៕