ពិបាក​ដកដង្ហើម តឹង​ច្រមុះ ក្អក​រ៉ាំរ៉ៃ ភ្នែក​ហើម​ៗ​នៅ​ពេល​ព្រឹក គឺ​សុទ្ធតែ​ជា​រោគ​សញ្ញា​មួយ​ចំនួន​នៃ​បញ្ហា​ឡើង​ស្លេស រំអិល ឬ​សំបោរ​ច្រើន​ពេក​ក្នុង​រាង​កាយ​។ ការ​ផលិត​ជាតិ​រំអិល ស្លេស ឬ​សំបោរ​ច្រើន​ពេក​អាច​បណ្ដាល​មក​ពី​បាក់តេរី វីរុស ប្រតិកម្ម​អា​ឡែក​ស៊ី និង​ការ​ប៉ះពាល់​ផ្ទាល់​ជាមួយ​សារធាតុ​គីមី​ខ្លាំង​មួយ​ចំនួន​។ ទោះជា​យ៉ាងណា​អាហារ​ក៏​ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​ការ​ផលិត​ស្លេស រំអិល ឬ​សំបោរ​ហួសប្រមាណ​ក្នុង​រាង​កាយ​ផង​ដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាពយើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​បង្កើន​ការ​ផលិត​ស្លេស រំអិល ឬ​សំបោរ ៖

១. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ៖ អ្នកជំនាញ​ជា​ច្រើន​និយាយ​ថា​ទឹកដោះគោ​និង​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​អាច​នាំ​ឱ្យ​កោសិកា​បង្កើន​ការ​ផលិត​រំអិល​ក្នុង​រាង​កាយ​។ នោះ​ក៏​ព្រោះតែ​វា​មាន​ផ្ទុក​សារធាតុ Casein និង​ឡាក់​តូ​ស​។

២. សណ្ដែកសៀង និង​អាហារ​ផ្សេង​ៗ​ផ្សំ​ឡើង​ពី​សណ្ដែកសៀង៖ ការ​ទទួលទាន​សណ្ដែកសៀង​និង​អាហារ​ផ្សេង​ទៀត​ដែល​ផ្សំ​ឡើង​ពី​សណ្ដែកសៀង​ច្រើន​ពេក​ក៏​អាច​ជា​មូលហេតុ​នៃ​ការ​ផលិត​ស្លេស រំអិល ឬ​សំបោរ​ហួសប្រមាណ​ផង​ដែរ​។

៣. អាហារ​និង​ភេសជ្ជៈ​ផ្អែម​ៗ៖ ការ​ទទួលទាន​អាហារ​និង​ភេសជ្ជៈ​ផ្អែម​ៗ​ច្រើន​ក៏​បង្ក​បញ្ហា​តឹង​ច្រមុះ​ពិបាក​ដង្ហើម​ដោយសារ​ការ​កើនឡើង​នៃ​ស្លេស ឬ​សំបោរ​ផង​ដែរ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​កម្រិត​ការ​ទទួលទាន​ស្ករ​របស់​អ្នក ប្រសិនបើ​កំពុង​មាន​អារម្មណ៍​មិន​ស្រួល​ដោយសារ​ស្លេស ឬ​សំបោរ​ច្រើន​ពេក​។

៤. ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន៖ ក៏​ព្រោះតែ​អាកា​រៈ​តឹង​ច្រមុះ​អាច​បណ្ដាល​ឱ្យ​អ្នកមាន​អារម្មណ៍​អស់កម្លាំង អ្នក​ប្រហែលជា​ចង់​ទទួលទាន​កាហ្វេ​មួយ​ពែង​ដើម្បី​ស្ដារ​ថាមពល​ដាស់​អារម្មណ៍​ឱ្យ​ស្វាង​ឡើង​វិញ​។ ប៉ុន្តែ​កុំ​ធ្វើ​បែប​នេះ​ឱ្យ​សោះ​! អ្នកជំនាញ​ជា​ច្រើន​បានឱ្យ​ដឹង​ថា​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​អាច​បណ្ដាល​ឱ្យ​កោសិកា​ម្ដុំ​ផ្លូវដង្ហើម​ផលិត​សំបោរ ឬ​រំអិល​ហួសប្រមាណ​។ ចូរ​ទទួលទាន​ទឹក​ធម្មតា​ច្រើន​ជំនួស​វិញ​ទើប​ប្រសើរ​អាច​ពង្រា​វ​ស្លេស​ជួយ​ឱ្យ​ដកដង្ហើម​ស្រួល​បាន​ខ្លះ​។

៥. សាច់​ក្រហម​និង​សាច់​កែ​ច្នៃ៖ ខណៈ​ដែល​វា​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​និង​ជាតិ​ដែក សាច់​ក្រហម​ក៏​អាច​ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​ការ​ផលិត​រំអិល ស្លេស ឬ​សំបោរ​ច្រើន​ពេក​ផង​ដែរ​។ ដូច្នេះ​ប្រសិនបើ​កំពុង​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ស្លេស ឬ​សំបោរ​ហើយ​នោះ​ចូរ​កាត់​បន្ថយ​ការ​ទទួលទាន​សាច់​ក្រហម ជា​ពិសេស​សាច់​ខ្លាញ់​។ សាច់​កែ​ច្នៃ​ក៏​គួរ​ដក​ចេញពី​របប​អាហារ​ផង​ដែរ​៕