គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុកខ្មែរ​យើង​សព្វថ្ងៃ​នេះ​ គឺ​មាន​ច្រើនណាស់​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ហើយ​ចំនួន​របស់​វា​ ក៏​កំពុងតែ​កើនឡើង​ផង​ដែរ​។ លទ្ធផល​ជាច្រើន​ក្រោយ​រងគ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ អាច​ធ្វើឲ្យ​ជនរងគ្រោះ​ពិការ​ រហូតដល់​ស្លាប់​បាត់បង់ជីវិត​តែម្តង​។ មានហេតុ​ផល​ច្រើនណាស់​ ដែល​ធ្វើឲ្យ​ចំនួន​នៃ​ការ​ស្លាប់​របស់​ប្រជាជន​យើង​ នៅ​តាម​ដងផ្លូវ​នេះ​កើនឡើង​ ហើយ​អ្វី​ដែលគេ​ជួប​ញឹកញាប់​នោះ​គឺ​ យើង​ខ្វះ​វិធី​ជួយ​គ្រប់គ្រង​ស្ថានភាព​របស់​ជនរងគ្រោះ​ ជាពិសេស​ ការ​បាក់បែក​ឆ្អឹង​តែម្តង​។

ជាទូទៅ​ មនុស្សយើង​មិនសូវ​ដឹង​ថា​ ខ្លួនឯង​ដែល​កំពុងតែ​ធ្វើដំណើរ​ តាម​ដងផ្លូវ​ដូចគ្នា​នោះ​ គួរតែ​ជួយ​ជនរងគ្រោះ​ដូចម្តេច​ និង​គួរ​ធ្វើអ្វី​ខ្លះ​ ដើម្បី​អាច​ឲ្យ​ពួកគាត់​ ទៅដល់​មន្ទីរពេទ្យ​ដោយ​សុវត្ថិភាព​។ ដូច្នេះ​ ក្រុមការងារ​គេហទំព័រ​ យើង​នឹង​ណែនាំ​នូវ​ចំណុច​សំ​ខាន់​ៗ ដែល​បងប្អូន​អាច​ធ្វើ​បាន​ ដើម្បី​សង្គ្រោះ​ជីវិត​ប្រជាជន​យើង​ ដូច​ខាងក្រោម​នេះ​ ៖ 

ពេលវេលា​ដ៏​សំខាន់​មួយ​ម៉ោង​ដំបូង​

 យកល្អ​ គួរតែ​ចាំ​ថា​ រយៈពេល​មួយ​ម៉ោង​ដំបូង​ ក្រោយពី​ជួប​គ្រោះថ្នាក់​រួច​ គឺជា​រឿង​មួយ​សំខាន់​បំផុត​។ ចូរ​ប្រាកដ​ថា​ ជនរងគ្រោះ​អាច​ទៅដល់​មន្ទីរពេទ្យ​ លឿន​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន​។ គ្រូពេទ្យ​និយាយ​ថា​ ការ​ស្ទះផ្លូវ​ដង្ហើម​ ហូរឈាម​ច្រើន​ និង​ពន្យារពេល​វះកាត់​ គឺជា​មូលហេតុ​ចំបង​មួយ​នៃ​ការ​ស្លាប់​ ដោយសារតែ​ការ​បាក់បែក​ឆ្អឹង​។ ដូច្នេះ​ ចូរ​ប្រាកដ​ថា​ អ្នក​បាន​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ របស់​មន្ទីរពេទ្យ​រដ្ឋ​យើង​ ដែល​មាន​សម្ភារៈ​សង្គ្រោះ​គ្រប់គ្រាន់​ សម្រាប់​ជួយ​ដល់​ការដកដង្ហើម​ និង​កាត់បន្ថយ​ការ​ហូរឈាម​របស់​អ្នក​ជំ​ងឺ​ភ្លាម​ៗ។ ចូរ​នាំ​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ​ណា​ ដែល​នៅ​ជិត​បំផុត​។ ក្រៅពី​ការបាត់បង់​ឈាម​ ការ​មានរបួស​ និង​កង្វះ​អុក​ស៊ី​សែន​ ក៏​ជា​មូលហេតុ​នាំឲ្យ​អ្នកជំងឺ​ស្លាប់​តាមផ្លូវ​ដែរ​។

ពិនិត្យមើល​ការដកដង្ហើម​របស់​ជនរងគ្រោះ ​ចូរ​ប្រាកដ​ថា​ ជនរងគ្រោះ​ដកដង្ហើម​បាន​ និង​មិន​មាន​អ្វី​ស្ទះ​ឡើយ​។ ចូរ​យក​របស់​គ្រប់យ៉ាង​ ចេញពី​មាត់​របស់​ជនរងគ្រោះ​ដូចជា​ ធ្មេញ​ដែល​បាក់​ជាដើម​។ ចុះ​បន្ធូរ​សម្លៀកបំពាក់​ត្រង់​តំបន់​ក ទ្រូង​ និង​ចង្កេះ​។ ចូរ​ប្រើ​វិធី​សង្កត់​ដើមទ្រូង​ និង​ផ្លុំ​ដង្ហើម​តាម​មាត់​ (CPR​) បើសិនជា​ករណី​ចាំបាច់​។ 

បញ្ឈប់​ការ​ហូរឈាម​ ការ​បង្ការ​ការ​ហូរឈាម​ គឺជា​កត្តា​ដ៏​សំខាន់​មួយទៀត​ ក្នុង​ការសង្គ្រោះ​ជីវិត​ជនរងគ្រោះ​។ ចូរ​បញ្ឈប់​ការ​ហូរឈាម​ តាមរយៈ​ការ​សង្កត់​លើ​របួស​នោះ​ដោយ​ផ្ទាល់​។ ចូរ​ប្រើ​កន្សែង​ ឬសម្លៀកបំពាក់​ក្រាស់​បន្តិច​គ្រប់​ និង​រុំ​នៅកន្លែង​ដែល​ហូរឈាម​នោះ​។ 

កាត់បន្ថយ​ការខូចខាត​ដល់​ឆ្អឹងកង​ខ្នង​ យកល្អ​ អ្នក​គួរតែ​កាត់បន្ថយ​ ការ​មានរបួស​ដល់​ឆ្អឹងកង​ខ្នង​ និង​ក្បាល​ ក្នុងករណី​ដែល​ការ​គ្រោះថ្នាក់​នោះ​ មានការ​ខូចខាត​ដល់​ឆ្អឹងកង​ខ្នង​ ព្រោះ​វា​អាច​នាំឲ្យមាន​ ពិការភាព​មួយ​ជីវិត​បាន​។ ចូរ​ប្រាកដ​ថា​ ក្បាល​ និង​ឆ្អឹងខ្នង​របស់​អ្នកជំងឺ​ ស្ថិត​ក្នុង​បន្ទាត់​មួយ​ស្មើរ​គ្នា​។ ចូរ​ទ្រ​ក្បាល​ និង​ករបស់​ជនរងគ្រោះ​ផង​ បើសិនជា​ករណី​ចាំបាច់​៕