ផ្អែក​តាម​ព្រឹត្តិ​ប័ត្រ American College of Cardiology បាន​និយាយ​ថា បណ្តា​មនុស្ស​ដែល​មាន​ខ្លាញ់​ច្រើន​នៅ​ជុំវិញ​ចង្កេះ​គួរតែ​ព្យាយាម​បញ្ចុះទម្ងន់ ។ ចំណែក​មូលនិធិ​រោគ​បេះដូង​របស់​អង់គ្លេស​ក៏​បាន​និយាយ​ដែរ​ថា អ្នក​ធាត់​ដុះពោះ​កំប៉ោង​ប្រឈម​នឹង​ជំងឺ​បេះដូង​ខ្ពស់​គួរតែ​ប្រយ័ត្នប្រយែង​ឱ្យ​បាន​ខ្លាំង​បំផុត ។

នៅ​ក្នុង​ការ​ពិសោធ ក្រុម​អ្នក​ស្រាវជ្រាវ​Mayo Clinic ក៏​បាន​ពិនិត្យ​មើល​លើ​ភាព​ខុស​គ្នា​នៅ​ជុំវិញ​ចង្កេះ និង​ត្រគាក​ហើយ​វាស់​ខ្លាញ់​នៅ​ជុំវិញ​ក្បាលពោះ​ព្រមទាំង​BMI (​ដែល​ជា​ការ​វាស់​ប្រៀបធៀប​ទម្ងន់​និង​កម្ពស់​)​ផង​ដែរ​។ អត្រា​ស្លាប់​កើនឡើង​ដល់​៧៥% ចំពោះ​អ្នកជំងឺ​ដែល​មាន​ខ្លាញ់​នៅ​ជុំវិញ​ចង្កេះ​ក្នុង​កម្រិត​ខ្ពស់ ។ សូ​ម្បី​តែ​អ្នក​ដែល​មាន​កម្ពស់​ធម្មតា​ក៏​ប្រឈម​នឹង​អត្រា​ស្លាប់​ខ្ពស់​ណាស់​ដែរ ប្រសិនជា​នៅ​បរិវេណ​ជុំវិញ​ចង្កេះ​របស់​ពួក​គេ​ផ្ទុក​ទៅ​ដោយ​ខ្លាញ់ ។ វេជ្ជបណ្ឌិត Thais Coutinho របស់​ក្រុម Mayo Clinic​បាន​និយាយ​ថា BMI​គ្រាន់តែ​ជា​រង្វាស់​ទម្ងន់​សមាមាត្រ​ទៅ​នឹង​កម្ពស់​ប៉ុណ្ណោះ ។ អ្វី​ដែល​ជា​សំខាន់​នោះ គឺ​ដំណើរការ​ដែល​ខ្លាញ់​ត្រូវ​បាន​ចែកចាយ​ទៅ​ឱ្យ​ផ្នែក​ផ្សេង​ៗ​របស់​រាង​កាយ ។

ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល​បាន​ស្នើ​ថា វេជ្ជបណ្ឌិត​គួរតែ​វាស់​ទំហំ​ចង្កេះ និង​ត្រគាក​គ្រប់​អ្នកជំងឺ​បេះដូង​ទាំងអស់ ។ ធ្វើ​បែប​នេះ​គឺ​ដើម្បី​ផ្តល់​ដំបូន្មាន​ពី​វិធីសាស្ត្រ​កាត់​បន្ថយ​អត្រា​ស្លាប់​ឱ្យ​ដល់​អ្នកជំងឺ ។ អនុប្រធាន​មូលនិធិ​រោគ​បេះដូង​អង់គ្លេស​វេជ្ជបណ្ឌិត​ម៉ៃ នែប​តុ​ន បាន​និយាយ​ថា ការ​សិក្សា​នេះ​បាន​បង្ហាញ​ថា ភាពធាត់​ដុះពោះ​កំប៉ោង ជា​កត្តា​ប្រឈម​យ៉ាង​ធំ​មួយ​ទៅ​នឹង​គ្រោះថ្នាក់​ស្លាប់​បាត់បង់​ជីវិត​សម្រាប់​អ្នកជំងឺ​បេះដូង បើ​ទោះ​ណា BMI របស់​គេ​ធម្មតា​ក៏​ដោយ ។

ខ្លាញ់​នៅ​ក្បាលពោះ និង​ជុំវិញ​ចង្កេះ​ពិតជា​មិនល្អ​ឡើយ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ដែល​នាំ​ឱ្យ​កើត​ជំងឺ​មួយ​ចំនួន​ដូច​ជា ជំងឺលើសឈាម ជំងឺ​ទឹកនោមផ្អែម និង​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ឡើង​ខ្ពស់​ទៀត​ផង ៕