ជំងឺមហារីក​ក្រពេញ​អូវែរ​គឺជា​ជំងឺ​គួរ​ឱ្យ​ខ្លាច ហើយ​ជា​ញឹកញាប់​វា​ជា​ជំងឺ​ដែល​មិន​មាន​រោគ​សញ្ញា និង​ពិបាក​ក្នុង​ការ​រក​ឃើញ​នៅ​ក្នុង​ដំណាក់កាល​ដំបូង ប៉ុន្តែ​ប្រសិនបើ​អ្នក​ធ្វើតេស្ត​មហារីក​ស្បូន​ជា​រៀង​រាល់​ឆ្នាំ រួម​ទាំង​ការ​ធ្វើ​អេកូ​អាង​ត្រគាក​នឹង​ការ​ធ្វើតេស្ត​ឈាម នោះ​គ្រូពេទ្យ​នឹង​អាច​រក​ឃើញ​មហារីក​អូវែរ ក្នុង​ដំណាក់កាល​ដំបូង ហើយនឹង​អាច​ព្យាបាល​ឱ្យ​ជា​បាន ដែល​វា​មាន​អត្រា​ជោគជ័យ​ខ្ពស់​ជាង​ក្នុង​ដំណាក់​កាលដែល​វា​បញ្ចេញ​រោគ​សញ្ញា ។

លោក​វេជ្ជបណ្ឌិត Dr. Kamol Pataradool ឯកទេស​ផ្នែក​ជំងឺមហារីក សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​វេជ្ជ​ថា​នី​ឱ្យ​ដឹង​ថា ជំងឺមហារីក​ក្រពេញ​អូវែរ​បែងចែក​ជា​បួន​ដំណាក់កាល​ដូច​ជា​៖

-​ដំណាក់កាល​ទី​១៖ កោសិកា​មហារីក​នៅ​ក្នុង​ក្រពេញ​អូវែ​ដែល​អាច​ត្រូវ​បាន​ព្យាបាល​ដោយ​ការ​វះកាត់ ប៉ុន្តែ​ជា​ញឹកញាប់​មិន​មាន​រោគ​សញ្ញា​ធ្វើ​ឱ្យ​អ្នកជំងឺ​មិនដឹង​ខ្លួន​និង​មិន​បាន​ទទួល​បានការ​ព្យាបាល ។

-​ដំណាក់កាល​ទី​២៖ កោសិកា​មហារីក​អូវែរ​រីក​រាលដាល​ទៅ​សរីរាង្គ​អាង​ត្រគាក​ដូច​​ជា​ស្បូន ដៃ​ស្បូន ឬ​អ្នកជំងឺ​អាច​មានការ​ឈឺចាប់​ពោះ ឬ​មាន​អារម្មណ៍​ថា​មាន​ដុំ​ក្នុង​ពោះ ។

-​ដំណាក់កាល​ទី​៣៖ កោសិកា​មហារីក​រីក​រាលដាល​ចូល​ទៅ​ក្នុង​សាច់ដុំ​ពោះ peritoneum​។ ជា​ញឹកញាប់​នាំ​ឱ្យ​អ្នកជំងឺ​តឹង​ពោះ​ឡើង​យ៉ាង​ឆាប់រហ័ស​ដោយសារ​តែ​ការ​កើត​ទាច រួម​បញ្ចូល​ទាំង​ការ​ហើមពោះ និង​បរិភោគ​តិច​ជាង​មុន ។

-​ដំណាក់កាល​ទី​៤៖ កោសិកា​មហារីក​អូវែរ​ក្នុង​ការ​រីក​រាលដាល​ទៅ​សរីរាង្គ ផ្សេង​ៗ​ដូច​ជា​ថ្លើម សួត ។ អ្នកជំងឺ​នឹង​មាន​រោគ​សញ្ញា​ផ្សេង​គ្នា ។

ការ​ព្យាបាល​នៃ​អ្នកជំងឺ​ដែល​មាន​ជំងឺមហារីក​ក្រពេញ​អូវែរ ដំបូង​គ្រូពេទ្យ​នឹង​វាយតម្លៃ​ពី​ស្ថានភាព​របស់​អ្នកជំងឺ​នោះ រួម​ទាំង​ជំងឺ​ប្រចាំ​ខ្លួន​ដូច​ជា​លើសឈាម ទឹកនោមផ្អែម ។ល។​ ផែនការ​នៃ​ការ​ព្យាបាល ដែល​ភាគច្រើន​មានការ​វះកាត់​យក​ដុំ​សាច់​ចេញ និង​វាយតម្លៃ​ការ​រីក​រាលដាល​នៃ​ជំងឺ នៅ​ក្នុង​រយៈពេល​នោះ​ហើយ​ប្រើ​គីមី​ដើម្បី​ទប់ស្កាត់ ឬ​ពន្យារពេល​ការ​កើត​មាន​ឡើង​វិញ​នៃ​ជំងឺ​នេះ ។ បន្ទាប់​ពី​ការ​ព្យាបាល​នេះ​គ្រូពេទ្យ​នឹង​កំណត់​ការ​តាមដាន​ជាមួយ​អ្នកជំងឺ​យ៉ាង​ទៀងទាត់​ដើម្បី​ពិនិត្យ​មើល​ជា​រៀង​រាល់​៣​ទៅ​៦​ខែ​ម្តង​ដើម្បី​ធានា​ឱ្យ​បាន​ថា​អ្នកជំងឺ​មិនកើត​មាន​ជំងឺ​នេះ​ត្រឡប់​មក​វិញទៀត ។

សម្រាប់​អ្នកជំងឺ​ដែល​កើត​ជំងឺមហារីក​ក្រពេញ​អូវែរ​ឡើង​វិញ​ម្តងទៀត គ្រូពេទ្យ​អាច​វះកាត់ ឬ​ប្រើ​គីមី​បំបាត់​ម្តងទៀត រួម​ទាំង​ការ​ប្រើ​វិធីសាស្ត្រ ផ្សេង​ៗ​ទៀត ក្នុង​ករណី​មួយ​ចំនួន​ដូច​ជា​ការ​ប្រើ​អ៊័​រ​ម៉ូ​ន ការ​ប្រើ​កាំរស្មី​។ ចំពោះ​អ្នកជំងឺ​ដែល​មាន​ជំងឺមហារីក​នេះ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ ក៏​អាច​ផ្តល់​នូវ​ការ​ព្យាបាល​បណ្ដោះអាសន្ន​ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​នៃ​អ្នកជំងឺ ៕