ដើម្បី​ទទួល​បាន​ភាព​សមសួន និង​សុខភាព​ល្អ គេ​ត្រូវការ​ជា​ចាំបាច់​នូវ​របប​អាហារ​ពិតប្រាកដ​មួយ​ដែល​មាន​បញ្ចូល​កំពូល​អាហារ​មួយ​ចំនួន ។ កំពូល​អាហារ​ដែល​យើង​ចង់​និយាយ​ក្នុង​ទី​នេះ​គឺ​សំដៅ​ទៅ​លើ​អាហារ​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុចិញ្ចឹម​ដែល​មាន​តម្លៃ​បំផុត​ដើម្បី​បំពេញ​នូវ​សេចក្តី​ត្រូវការ​ថាមពល​ប្រចាំ​ថ្ងៃ ។ ខាងក្រោម​នេះ​ជា​អាហារ និង​ផ្លែ​ឈើ​ដែល​ជួយ​ជំរុញ​ឱ្យ​មាន​សុខភាព​ល្អ និង​បញ្ចុះទម្ងន់​យ៉ា​ង​ស័ក្តិសិទ្ធិ ៖

១-​ផ្លែ​ប៉ោម ៖
មាន​មូលហេតុ​មួយ​ដែល​បញ្ជាក់​ថា ហេតុ​អ្វី​ផ្លែ​ប៉ោម​ស្ថិត​នៅ​លំដាប់​ទី​១​នៃ​កំពូល​អាហារ​សម្រាប់​បញ្ចុះទម្ងន់ ។ នេះ​ក៏​ព្រោះតែ​វា សម្បូរ​ដោយសារ​ធាតុ​សរសៃ និង​សារធាតុ​ចិញ្ចឹម​មាន​ប្រយោជន៍​ច្រើន​យ៉ាង​ក្នុង​ការ​ច្នៃ​ជា​អាហារ​រាប់​ចាប់ពី​ភេសជ្ជៈ​ទៅ​ដល់​បង្អែម ។ ជាមួយនឹង​កាឡូរី​ទាប​ហើយ​សម្បូរ​ដោយសារ​ធាតុ​សរសៃ ផ្លែ​ប៉ោម​អាច​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក ។ បន្ថែម​ពីលើ​នេះ​ទៀត វា​ផ្ទុក​ទៅ​ដោយ​វីតាមីន A និង​វីតាមីន C ប៉ូ​តា​ស្យ៉ូ​ម ។

២-​ស៊ុត ៖
និយាយ​តែ​ក្នុង​ផ្នែក​នៃ​ការ​បញ្ចុះទម្ងន់ ស៊ុត​ជា​អាហារ​ល្អ​បំផុត​សម្រាប់​អ្នក ។ វា​សម្បូរ​ទៅ​ដោយសារ​ធា​តិ​ចិញ្ចឹម និង​ប្រូ​តេ​អីុន ហើយ​មាន​តម្លៃ​ថោក ។ ផ្នែក​ដ៏​ល្អ​មួយ​របស់​ស៊ុត​គឺថា វា​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​ពេញ​មួយ​ថ្ងៃ ។ ស៊ុត​១​គ្រាប់​ផ្តល់​ឱ្យ​រាង​កាយ​របស់​យើង​នូវ អា​មី​ណូ អាស៊ី​ដ រួម​ទាំង​ប៉ូ​តា​ស្យ៉ូម កាល់​ស្យ៉ូ​ម ជាតិ​ដែក ប្រភេទ​វីតាមីន​មាន​ដូច​ជា A, B2 , B9 , B6 និង B12 ។

៣-​សូកូឡា​ពណ៌​ខ្មៅ ៖
សូកូឡា​ក៏​ជា​ផ្នែក​មួយ​នៃ​អាហារ​ដែល​អ្នកជំនាញ​និយាយ​ថា ទទួលទាន​សូកូឡា​ពណ៌​ខ្មៅ​អាច​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​នូវ​សុខភាព​បេះដូង កាត់​បន្ថយ​ខ្លាញ់​អាក្រក់ (LDL Cholesterol) កាត់​បន្ថយ​ហានិភ័យ​នៃ​ដុំ​ឈាមកក​ក្នុង​សរសៃឈាម​និង​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ខួរក្បាល ។

៤-​ស្រូវ​សាឡី​កំប៉ុង (Instant Oats) ៖
ចាប់ផ្តើម​អាហារ​ពេល​ព្រឹក​របស់​អ្នក​ជាមួយនឹង​ស្រូវ​សាឡី​ឆ្អិន​ស្រាប់​ជួយ​ឱ្យ​អ្នក​កាត់​បន្ថយ​បានការ​ឃ្លាន ។ ស្រូវ​សាឡី​បែប​នេះ​សម្បូរ​ដោយសារ​ធាតុ​សរសៃ​ដែល​បង្កើត​បានជា​ជាតិ​អន្ធិល ។ វា​ជួយ​ពន្យារ​ការ​ស្រេកឃ្លាន​ដល់​ក្រពះ​របស់​អ្នក ។ ស្រូវ​Oats​មិន​ត្រឹមតែ​សម្បូរ​សារធាតុ​សរសៃ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្បូរ​ដោយ​រ៉ែ និង​សារធាតុ​ចិញ្ចឹម​ពី​ធម្មជាតិ (phytonutrients) គ្រប់​ប្រភេទ​ទៀត​ផង ។ បណ្តា​អ្នក​ស្រាវជ្រាវ​បាន​ចង្អុលបង្ហាញ​ថា ការ​ទទួលទាន​ប្រភេទ​ស្រូវ​សាឡី Oats អាច​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយ​ជំងឺ​ឡើង​ឈាម និង​ទឹកនោមផ្អែម​ប្រភេទ​២ ។

៥-​ផ្លែ​បឺ​រី​គ្រប់​ពណ៌ (Berries) ៖
ចូរ​ចង​ចាំ​ថា ការ​ទទួលទាន​ផ្លែ​បឺ​រី​គ្រប់​ប្រភេទ​គ្រប់​ពណ៌​គឺ​សុទ្ធតែ​ផ្តល់​ផល​ល្អ​ដល់​សុខភាព​របស់​អ្នក ។ ក្នុង​ចំណោម​ផ្លែ​ឈើ​ទាំងអស់ វា​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម និង​សារធាតុចិញ្ចឹម​ពី​ធម្មជាតិ​ខ្ពស់​ជាងគេ ជា​ពិសេស​គឺ​បឺ​រី​ពណ៌​ខៀវ មាន​សារធាតុ​សរសៃ​និង​វីតាមីន C ខ្ពស់ ។ បន្ថែម​ពីលើ​នេះ​ទៀត វា​ផ្ទុក​សារធាតុ​គីមី​ឈ្មោះ  Pterostilbene ដែល​មាន​នាទី​ការពារ​បេះដូង​ដូច​ឱសថ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​ផង​ដែរ ។ ដូចនេះ ការ​ទទួលទាន​ទឹក​ផ្លែ​បឺ​រី​ខៀវ​ពី​១-២​ពែង​ក្នុង​មួយ​ថ្ងៃ​ពិតជា​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​អ្នក​ច្រើន​ហួស​ពី​ការ​ស្មាន ៕