ការ​ជ្រើសរើស​ខោ​ទឹកនោម​យក​មក​ប្រើប្រាស់​ឲ្យ​ទារក​ពិតជា​ងាយ​ស្រួ​ស​ដល់​មាតា ដែល​មានការ​មមាញឹក​នឹង​ការងារ​ប្រចាំ​ថ្ងៃ ប៉ុន្តែ​ស្ត្រី​ជា​ម្តាយ​ក៏​ត្រូវ​គិតដល់​សុខភាព​កូន​ផង​ដែរ​ព្រោះថា បើសិនជា​លោក​អ្នក​មានការ​ធ្វេសប្រហែស​ធ្វើ​អនាម័យ​នោះ អាច​ឲ្យ​កូនលោក​អ្នកមាន​បញ្ហា​ដូច​ជា​រលាក​រោល​ស្បែក​គូទ​ជាដើម ។

លោក​វេជ្ជបណ្ឌិត ហុង សុខ​ឃាង ឯកទេស​ជំងឺ​កុមារ​ទូទៅ​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា រោគ​រោល​រលាក​ដោយសារ​ខោ​ទឹកនោម​ភាគច្រើន​កើតឡើង​ញឹកញាប់​ជាងគេ​ទៅ​លើ​ទារក​ទើបនឹង​កើត ឬ​ក្មេង​អាយុ​ក្រោម​១​ឆ្នាំ ហើយ​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​បញ្ហា​នេះ​មាន​៖

-​ទឹកនោម​ដក់​នៅ​នឹង​ខោ​រយៈពេល​យូរ​ដោយ​មិន​បាន​ធ្វើការ​ផ្លាស់​ប្ដូរ​ឱ្យ ។
-​សាច់​ខោ​មាន​សារជាតិ​គីមី នៅ​ពេល​ដែល​សារជាតិ​គីមី​នេះ​ប៉ះ​ទៅ​នឹង​ទឹកនោម​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម វា​ងាយ​នឹង​បណ្ដាល​ឱ្យ​ស្បែក​កុមារ​ឆាប់​រោល​រលាក ។-​សាប៊ូ​ដែល​ផ្សំ​ឡើង​ដោយសារ​ជាតិ​គីមី​នៅ​ជាប់​នឹង​ខោ​ទឹកនោម​នេះ កាលណា​វា​ប៉ះ​ជាមួយ​ស្បែក​ទារក​យូរ​ៗ​ទៅ​ដោយ​មិន​បាន​ធ្វើការ​ផ្លាស់​ប្ដូរ​ជា​ហេតុ​នាំ​ឲ្យ​រលាក​រោល

ដូច្នេះ​ដើម្បី​ការពារ​កុំឱ្យ​មាន​បញ្ហា​រលាក​ដោយសារ​ខោ​ទឹកនោម ស្ត្រី​ជា​ម្តាយ​ត្រូវ​អនុវត្ត​តាម​វិធីសាស្ត្រ​ដូច​ខាងក្រោម ៖
-​ត្រូវ​ផ្លាស់​ប្ដូរ​ខោ​ទឹកនោម​ឱ្យ​បាន​ញឹកញាប់ ម្យ៉ាងទៀត​ត្រូវ​តែ​ផ្លាស់​ចេញ​ភ្លាម​ប្រសិនបើ​មើលទៅ​ឃើញ​ខោ​សើម ។
-​លាង​សម្អាត​កូន​តូច​ដោយ​យក​ក្រណាត់​ស្ដើង​ស​ស្អាត​ជ្រលក់​នឹង​ទឹក​ក្ដៅ​ឧណ្ហ​រួច​យក​ទៅ​ជូត​គូទ​ទារក​គ្រប់ពេល​ដែល​ទារក​បត់ជើងតូច​ឬ​ធំ ព្រោះ​វា​អាច​កាត់​បន្ថយ​នូវ​ការ​រលាក​ស្បែក​បាន​មួយ​ចំនួន​ផង​ដែរ ។

-​មិន​ត្រូវ​ស្លៀកខោ​ទឹកនោម​ឲ្យ​កូន​តូច​គ្រប់ពេលវេលា​នោះ​ទេ គួរ​ទុក​គេ​ឲ្យ​នៅ​ខ្លួន​ទទេ​ដើម្បី​ត្រូវ​ពន្លឺ​ថ្ងៃ​ទទួល​ខ្យល់​ធម្មជាតិ ព្រោះ​វា​អាច​ជួយ​ឱ្យ​ស្បែក​ទារក​ចៀស​ផុត​ពី​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ ។

-​ត្រូវ​ចៀសវាង​ការ​ប្រើប្រាស់​សម្លៀក​បំពាក់​មាន​ជាតិ​ប្លា​ស្ទិ​ក ព្រោះ​វា​អាច​ធ្វើ​ឱ្យ​រលាក​ស្បែក ឬ​ទទឹក​ស្បែក​ឈាន​ទៅ​រក​ការ​ឆ្លង​មេរោគ ។
-​ត្រូវ​បោក​សម្លៀក​បំពាក់​កូន​ឱ្យ​ស្អាត ហើយ​សម្លៀក​បំពាក់​ដែល​បោក​ជាមួយ​សាប៊ូ​ត្រូវ​លាង​ទឹក​ឲ្យ​ជ្រះ​អស់​ជាតិ​សាប៊ូ ។
-​ក្រោយ​ពេល​ដែល​ប្រើប្រាស់​វិធី​ការពារ​ខាងលើ​នេះ​មិន​ទទួល​បាន​ផល កូនលោក​អ្នក​នៅ​តែ​ទទួល​រង​រលាក​ស្បែក​ត្រង់​បរិវេណ​គូទ​ដដែល​នោះ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​រក​ថ្នាំ​មក​ព្យាបាល និង​ពិសេស​ត្រូវ​ចេះ​ជ្រើសរើស​ខោ​ទឹកនោម​ណា​ដែល​មានគុណ​ភាពល្អ​ទោះជា​ថ្លៃ​បន្តិច​ក្តី ព្រោះ​វា​អាច​កាត់​បន្ថយ​នូវ​ការ​រលាក​បាន​ភាគច្រើន ៕

ប្រភព៖កោះសន្តិភាព