លោក​អ្នក​មិន​បាន​ចាប់អារម្មណ៍​ថា ការ​គ្រេច​ឬ​ថ្លោះ​កជើង ជា​បញ្ហា​ធ្ងន់ធ្ងរ​ដែល​ទាមទារ​ឲ្យ​មានការ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ឯកទេស​ទេ​។ នៅ​ពេល​មានការ​ថ្លោះ​ឬ​គ្រេច​កើតឡើង​លោក​អ្នក​តែង​ធ្វើការ​ដក​ឬ​កាច់​ចុះ​កាច់​ឡើង​នូវ​ត្រង់​ដៃ​ឬ​ជើង​ដែល​គ្រេច​នោះ ដើម្បី​ឲ្យ​អាកា​រៈ​បាន​ធូរស្រាល ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ សកម្មភាព​ទាំងនេះ​កំពុង​តែ​បង្ក​ឲ្យ​មាន​បញ្ហា​កាន់​ធ្ងន់​ចំពោះ​កជើង​ទៅ​វិញ​ទេ អាច​ឲ្យ​ដាច់​សរសៃ​សន្លាក់​ជាដើម ។​
​ការ​ថ្លោះ​គ្រេច​នេះ មាន​បី​ដំណាក់កាល​ដូច​ជា​៖
-​កម្រិត​ស្រាល ៖ ករណី​នេះ​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ ។​
-​កម្រិត​មធ្យម ៖ កាលណា​បើ​ធ្លាប់​មានការ​គ្រេច​១​លើ​ហើយ​នោះ​នឹង​អាច​មាន​គ្រេច​បន្តបន្ទាប់ ជា​ច្រើន​លើក​ទៀត​នៅ​កន្លែង​ដដែល ។ កាលណា​គ្រេច​យូរ​ទៅ​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សរសៃ​គឺ​សរសៃ​យារ​ដែល​ងាយ​នឹង​ដាច់​គ្រប់ពេលវេលា ។​-​កម្រិត​ធ្ងន់ ៖ ក្នុង​ករណី​នេះ សរសៃ​សន្លាក់​អាច​ដាច់​ចេញពី​គ្នា​ទាំងស្រុង ដោយសារ​តែ​ការ​គ្រេច​ញឹកញាប់ និង​នៅ​កន្លែង​ដដែល ប៉ុន្តែ​ការ​ដាច់​សរសៃ​សន្លាក់​នេះ​អាច​ព្យាបាល​ឡើង​វិញ​បាន​គ្រាន់តែ​ប្រើ​រយៈពេល​យូរ ។​
​ក្នុង​ករណី​ដែល​មានការ​ថ្លោះ​គ្រេច​រហូត​ដល់​ឈឺ​ចុកចាប់​ដើរ​មិន​រួច​ពិនិត្យ​ឃើញ​មាន​ស្នាម​ជាំ​ក្រហម នៅ​កន្លែង​ដែល​គ្រេច​នោះ ។ កាលបើ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​លោក​អ្នក​ត្រូវ​តែ​អនុវត្ត​តាម​វិធី​ខាងក្រោម​៖
-​មិន​ត្រូវ​ដក​ឬ​កាច់​ចុះ​កាច់​ឡើង​ត្រង់​កន្លែង​ដែល​គ្រេច​នោះ​ទេ រក្សា​ទុក​ឲ្យ​នៅ​ដដែល ។​
-​ត្រូវ​យក​ទឹកកក​មក​ស្អំ នៅ​កន្លែង​ដែល​គ្រេច​នោះ ។​
-​បើ​គ្រេចជើង​ត្រូវ​ដាក់​ជើង​ឲ្យ​ខ្ពស់​ជាង​ខ្លួន ព្រោះ​កាលណា​គ្រេច​ថ្លោះ ធ្វើ​ឲ្យ​សរសៃ​តូច​ៗ​ដែល​នៅ​នឹង​កជើង អាច​នឹង​ដាច់​ហើយ​ជ្រាប​ឈាម​ចេញ​មក ដែល​ជួនកាល​នៅ​ពេល​ពិនិត្យ​មើល​នៅ​កន្លែង​គ្រេច​នោះ​តែងតែមាន​សរសៃ​ក្រហម​ដូច​ឈាម ដូច្នេះ​ដើម្បី​ឃាត់ឈាម​កុំ​ឲ្យ​ហូរ​ចេញ​មក​តាម​សរសៃ​តូច​ៗ ត្រូវ​លើកជើង​អ្នក​ឲ្យ​ខ្ពស់​ជាង​ខ្លួន ។​-​ក្នុង​ករណី​ថ្លោះ​គ្រេច​ចាប់ពី​២៤​ម៉ោង​ឡើង​ទៅ​ត្រូវ​ប្តូរ​មក​ស្អំ​ទឹក​ក្តៅ​ឧណ្ហ​ជំនួស​វិញ ដើម្បី​ឲ្យ​ចរន្តឈាម​ដំណើរការ​ល្អ​ឡើង​វិញ ។​
-​បើសិនជា​មាន​អាកា​រៈ​កាន់តែ​ធ្ងន់ ត្រូវ​នាំ​អ្នក​របួស​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស ទើប​ជា​ការ​ប្រសើរ ៕