ស្ត្រី​ចាប់ពី​អាយុ​៣០​ឆ្នាំ​ឡើង​ចាត់​ទុក​ថា​ ជា​វ័យ​ចំណាស់​បន្តិច​មាន​បម្រែបម្រួល​ផ្នែក​រាង​កាយ អារម្មណ៍ និង​សុខភាព​ដែល​ប្រទះ​ឃើញ​ជា​ប្រចាំ​ដូច​ជា​អាការ​ជ្រីវជ្រួញ ស្បែក​យារ មិន​រហ័សរហួន និង​ឆាប់​ខឹង ។ ដូច្នេះ​ដើម្បី​រក្សា​អាការ​បែប​នេះ​គួរ​ទទួលទាន​អាហារ​ជួយ​បង្កើន​ថាមពល និង​ជួយ​ពន្យារ​វ័យ​ចំណាស់​ដល់​ខ្លួន​ដូច​ជា

១-​ទទួលទាន​ទឹក
ទឹកជា​វត្ថុ​ចាំបាច់​ចំពោះ​មនុស្ស​គ្រប់​វ័យ និង​ចាំបាច់​ត្រូវ​ទទួលទាន​ជា​រៀងរាល់ថ្ងៃ ។ នៅ​ពេល​ស្ត្រី​ឈាន​ចូល​ដល់​វ័យ​ចំណាស់​គួរ​ផឹកទឹក​ឱ្យ​បាន​ច្រើន អាច​ទប់ស្កាត់​ភាព​ចាស់ជរា​របស់​ខ្លួន​បាន ។
ក្នុង​មួយ​ថ្ងៃ​គួរ​ផឹកទឹក​ឱ្យ​បាន​ពី​៨​ទៅ​១០​កែវ​ព្រោះ​ទឹក​ជួយ​ទ្រទ្រង់​ស្បែក និង​ពណ៌​សម្បុរ​ឱ្យ​ល្អ​ប្រសើរ ជួយ​ដល់​ប្រព័ន្ធ​ឈាម​បាន​ល្អ រួម​ទាំង​ជួយ​សម្រួលការ​បន្ទោបង់ ។

២-​ទឹកដោះគោ
ស្ត្រី​មាន​អាយុ​ពី​៣០​ឆ្នាំ​ឡើង​ត្រូវការ​កាល់ស្យូ​ម​ប្រហែល​ពី​១០០០​ទៅ​១២០០​មី​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​នារី​ភាគច្រើន​បែរជា​ទទួល​បរិមាណ​កាលស្យូម​តិច ។ នៅ​ពេល​រាង​កាយ​ខ្វះ​កាល់ស្យូម​នឹង​ប្រឈម​មុខ​ដល់​ការ​កើត​ជំងឺ​ពុក​ឆ្អឹង​នៅ​ពេល​មាន​អាយុ​៣០​ឆ្នាំ អ៊័​រ​ម៉ូ​ន​អេ​ស្ត្រូ​ហ្សែ​ន​ដែល​ពាក់ព័ន្ធ​ដល់​ឆ្អឹង​ចាប់ផ្តើម​ចុះ​ថយ ដូច្នេះ​គួរ​ទទួល​កាល់ស្យូម​ឱ្យ​បាន​ច្រើន​ដោយ​ផឹក​ទឹកដោះគោ ។

៣-​ទឹក​ខ្ញី
ទឹក​ខ្ញី​ជួយ​ឱ្យ​ប្រព័ន្ធ​ឈាម​របស់​នារី​អាយុ​៣០​ឆ្នាំ​ដើរ​បាន​ល្អ ក្រៅពី​នេះ​ជួយ​បន្ថយ​អាការ​ចុក​រួយ​តាម​រាង​កាយ រួម​ទាំង​បំបាត់​ការ​ឈឺចាប់​នៅ​ពេល​មាន​រដូវ ។ ទឹក​ខ្ញី​មាន​សារធាតុ​ផ្សំ​Phenolic​ជា​សារធាតុ​ជួយ​បន្ថយ​អាការ​ឈឺផ្សា​ក្នុង​ពោះវៀន រួម​ទាំង​មាន​ឥទ្ធិពល​ជំរុញ​ដល់​ការ​ធ្វើការ​របស់​ប្រព័ន្ធ​រំលាយ​អាហារ កាត់​បន្ថយ​ការ​ចុក​ណែន​ក្នុង​ពោះ និង​ហើមពោះ​ជាដើម ។

៤-​ស្រាក្រហម
ប្រសិនបើ​មិន​ចង់​ចាស់​មុន​អាយុ​គួរ​ផឹកស្រា​ក្រហម​ជា​ប្រចាំ ព្រោះ​ក្នុង​ស្រាក្រហម​មាន​សារធាតុ​«Resveratrol»​ជា​សារធាតុ​ប្រឆាំង​ជាតិពុល និង​ជួយ​ពន្យារ​វ័យ​ចំណាស់​បាន ។ ក្រៅពី​នេះ​ការ​ផឹកស្រា​ក្រហម​ជា​ប្រចាំ​ជួយ​ការពារ​គ្រុនផ្តាសាយ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​ក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម​បាន​ល្អ ។

៥-​តែ​បៃតង
ភេសជ្ជៈ​ដែល​នារី​មាន​អាយុ​ពី​៣០​ឆ្នាំ​ឡើង​មិន​គួរ​រំលង​ចោល គឺ​តែ​បៃតង ។ នារី​ដែល​ផឹក​តែ​បៃតង​ក្នុង​មួយ​ថ្ងៃ​៣​កែវ​អាច​បន្ថយ​អត្រា​ផ្សង​នឹង​ឆ្អឹង​ពុក​បាន​ដល់​ទៅ​៣០% ។

៦-​កា​រ៉េ​ម​រសជាតិ​ជូរ ​(Yogurt)
ពេល​មាន​អាយុ​ច្រើន​ទម្ងន់​ក៏​ចាប់ផ្តើម​កើន​មូលហេតុ​ដោយសារ​ប្រព័ន្ធ​រំលាយ​អាហារ​ចាប់ផ្តើម​ចុះ​ខ្សោយ ដូច្នេះ​នារី​ដែល​មាន​អាយុ​ពី​៣០​ឆ្នាំ​ឡើង​ត្រូវ​ទទួលទាន​អាហារ​ដែល​ជួយ​ដល់​ការ​ដុត​បំផ្លាញ​ការ​រំលាយ​អាហារ​ឱ្យ​បាន​ច្រើន ។ អាហារ​ដែល​គួរ​ទទួលទាន​គឺ​កា​រ៉េ​ម​រសជាតិ​ជូរ​«Yogurt»​បែប​ធម្មជាតិ ព្រោះ​Yogurt​មាន​ទាំង​ប្រូ​តេ​អុ​ី​ន វីតាមីន​B កាល់ស្យូម និង​ប៉ូ​តា​ស្យូ​ម​ខ្ពស់ ។ ក្រៅពី​នេះ​ជួយ​ដល់​ការ​រំលាយ​អាហារ​បាន​ល្អ ។

៧-​បន្លែ​ស្លឹក​បៃតង និង​ផ្លែ​ឈើ​ដែល​មាន​ «​បេ​តា​រ៉ូ​ទី​ន​» ​ខ្ពស់
បន្លែ​ស្លឹក​បៃតង​មាន​កាឡូរី​ទាប​ធ្វើ​ឱ្យ​នារី​អាច​ទទួល​បន្លែ​បាន​ដោយ​មិន​ភ័យ​ខ្លាច​ធាត់​លើស​ពី​នេះ​នៅ​មាន​សារធាតុ​ប្រឆាំង​ជាតិពុល​បន្ថយ​វ័យ​ចំណាស់ បង្កើត​គ្រាប់​ឈាមក្រហម និង​ជួយ​ដល់​ការ​បន្ទោបង់​បាន​ល្អ ។ ក្រៅពី​នេះ​ក៏​ផ្តល់​សុខភាព​មាំមួន ឃ្លាតឆ្ងាយ​ពី​អាការ​ហើមពោះ​បាន ។

៨-​គ្រាប់​ធញ្ញជាតិ
ក្នុង​ពេល​បម្រើ​ការងារ​នារី​រមែង​រក​នំ ឬ​បង្អែម​មក​ទទួលទាន​ជា រឿយ​ៗ ប៉ុន្តែ​ប្រសិនបើ​ពួក​គេ​ប្តូរ​ទទួលទាន​គ្រាប់​ធញ្ញជាតិ ឬ​សណ្តែក​ជំនួស អាច​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដូច​ជា​សណ្តែកខ្មៅ សណ្តែកបាយ សណ្តែកក្រហម សណ្តែកដី​ព្រោះ​ពួក​វា​សំបូរ​ដោយ​ប្រូ​តេ​អុ​ី​ន សារធាតុ​រ៉ែ វីតាមីន និង​ជាតិ​សរសៃ​ច្រើន​ល្អ​ដល់​សុខភាព ។

៩-​សណ្តែកសៀង
នៅ​ពេល​អាយុ​ច្រើន អ៊័​រ​ម៉ូ​ន​អេ​ស្ត្រូ​ហ្សែ​ន​ក៏​ថយ​ចុះ​បង្ក​ឱ្យ​ឆ្អឹង​ថមថយ ក្រៅពី​នេះ​ធ្វើ​ឱ្យ​ស្បែក​ជ្រីវជ្រួញ និង​មាន​អារម្មណ៍​ឆេវឆាវ ប៉ុន្តែ​នៅ​ពេល​ទទួលទាន​សណ្តែកសៀង​ជួយ​បន្ថយ​អាការ​បែប​នេះ​បាន ព្រោះ​ក្នុង​សណ្តែក​មាន​«Isoflavones»​ស្រ​ដៀង​អ៊័​រ​ម៉ូ​ន​អេ​ស្ត្រូ​ហ្សែ​ន​អាច​ជំនួស​អ៊័​រ​ម៉ូ​ន​អេ​ស្ត្រូ​ហ្សែ​ន​ដែល​បាត់បង់​បាន ។

១០-​ស៊ុតមាន់
មនុស្ស​ជា​ច្រើន​យល់​ថា ពងមាន់​មាន​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល ឬ​ជាតិ​ខ្លាញ់​ខ្ពស់​មិនល្អ​ដល់​សុខភាព ធាតុ​ពិត​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ក្នុង​ពងមាន់​ខ្ពស់​គឺជា​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​មាន​ប្រយោជន៍​ដល់​រាង​កាយ ពិសេស​បរិមាណ​ដែល​សម​ស្រប​ក្នុង​មួយ​ថ្ងៃ​១​គ្រាប់ អាច​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​បាន ធ្វើ​ឱ្យ​មានឱកាស​ប្រឈម​នឹង​ជំងឺ​បេះដូង​តិច ។

១១-​ត្រី
ត្រី​សមុទ្រ​ដូច​ជា​ត្រី​សាល​ម៉ុង ឬ​ត្រី​ធូ​ណា​ជា​អាហារ​មាន​ប្រូ​តេ​អីុ​ន និង​អាស៊ី​ដ​ខ្លាញ់​អូ​ម៉េ​ហ្គា​៣​ទាំង​DHA និង​EPA​ខ្ពស់ ជា​អាហារ​ដែល​មនុស្ស​គ្រប់​រូប​គួរ​ទទួលទាន ពិសេស​ចំពោះ​នារី​មាន​អាយុ​៣០​ឆ្នាំ​ឡើង ។ ពិសា​ត្រី​នឹង​ជួយ​បន្ថយ​អាការ​ពុក​ឆ្អឹង និង​កាត់​បន្ថយ​ការ​រលាក​នៅ​បរិវេណ​ឆ្អឹងខ្ចី​បាន​ល្អ ។

១២-​ទឹកជ្រលក់ ឬ​ទឹកប្រហុក​បន្លែ​ស្រុស
ទឹកជ្រលក់​ជា​អាហារ​ដ៏​ពេញ​និយម​របស់​ពលរដ្ឋ​កម្ពុជា​ផ្តល់​ប្រយោជន៍​ច្រើន​ជួយ​ដល់​ប្រព័ន្ធ​ចលនា​របស់​ឈាម និង​កាត់​បន្ថយ​ជាតិ​ខ្លាញ់​និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ៕