ការ​បរិភោគ​អាហារ​ប្រចាំ​ថ្ងៃ​គឺ​ដើម្បី​ទ្រ​ទ្រ​ង​សុខភាព​រាង​កាយ តែបើ​ការ​បរិភោគ​មិន​បាន​ត្រឹមត្រូវ​វា​ធ្វើ​ឱ្យ​លោក​អ្នក​គ្រោះថ្នាក់​ដោយ​ប្រការ​ផ្សេង​ៗ​បាន ។ ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា ពុល​ចំណីអាហារ​អាច​បណ្តាល​មក​ពី​ចំណីអាហារ​ខ្វះ​អនាម័យ​ឬ​គ្មាន​សុវត្ថិភាព​ជា​ហេតុ​បង្ក​ឲ្យ​ពុល​ដោយសារ​មេរោគ​នៅ​ក្នុង​អាហារ​ដូច​ជា​បាក់តេរី វីរុស​ប៉ារ៉ាស៊ីត ឬ​ក៏​សារធាតុ​គីមី​ជាដើម ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ចំពោះ​រោគ​សញ្ញា​គឺ​វា​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​តាម​មេរោគ​ផង​ដែរ បើសិន​បង្ក​ឡើង​ដោយសារ​ធាតុគីមី​វា​មិន​បង្ក​ឲ្យ​មាន​គ្រុនក្តៅ​នោះ​ទេ ដែល​ជា​ទូទៅ​រោគ​សញ្ញា​នៃ​ការ​ពុល​អាហារ​នេះ​មាន តឹងទ្រូង ឈឺពោះ ក្អួតចង្អោរ ឈឺក្បាល គ្រុន រាក​រុស បើ​ក្នុង​ករណី​ធ្ងន់​អាច​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​បាន ។ ចំពោះ​ការ​ពុល​ដោយសារ​តែ​ការ​ទទួលទាន​ស្រា ជន​រង​គ្រោះ​មាន​អាការ ព្រិល​ភ្នែក បែកពពុះមាត់ អាច​បណ្តាល​ឲ្យ​សន្លប់ ជួនកាល​បើសិន​ករណី​ធ្ងន់ធ្ងរ​អាច​បណ្តាល​ឲ្យ​បាត់បង់​ជីវិត ជាក់ស្តែង​ដូច​ករណី​នៅ​ខេត្តក្រចេះ​កន្លង​មក មាន​ជន​រង​គ្រោះ​ស្លាប់​រហូត​ដល់​៦​នាក់​ដោយសារ​តែ​ការ​ពុល​ស្រា ។

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា នៅ​ពេល​មានការ​សង្ស័យ​ថា លោក​អ្នក​ពិតជា​ពុល​អាហារ​ណាមួយ​នោះ ត្រូវ​យក​អាហារ​រក្សា​ទុក​ឱ្យ​ដាច់​ដោយឡែក ដើម្បី​ការពារ​កុំ​ឲ្យ​អ្នក​ផ្សេង​ទៀត​ទទួលទាន ។ ពេល​នោះ​បើសិនជា​លោក​អ្នកមាន​អាការ​រាក​ខ្លាំង​ត្រូវ​ទទួលទាន​ទឹកអូ​រ៉ា​លី​ត បន្ទាប់​ពី​ក្អួត​រួច ដើម្បី​ការពារ​កុំ​ឲ្យ​ខ្សោះ​ជាតិ​ទឹក ហើយ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ។

ជាង​នេះ​ទៅ​ទៀត​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ទទួលទាន​អ្វីមួយ ទោះជា​ស្រា ឬ​ក៏​ចំណីអាហារ បើសិនជា​មាន​អាការ​ធី​ង​ធោ​ង ដូច​ជា​រកកល់​ក្អួតចង្អោរ​ឬ​រាក​គួរតែ​ប្រញាប់​ទៅ​កាន់​មន្ទីរពេទ្យ ឬ​ក៏​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ផ្ទះ​លោក​អ្នក​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល​ទាន់​ពេលវេលា ៕

ប្រភព៖កោះសន្តិភាព