មាន​តែ​ការ​ពិនិត្យ​ឈាម​មួយ​គត់ ដែល​អាច​បញ្ជាក់​ប្រាប់​អ្នក​ថា មាន​ឬ​គ្មាន​មេរោគ​រលាក​ថ្លើម​ប្រភេទ​បេ ។ ក្នុង​ករណី​ខ្លះ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​នេះ ក៏​អាច​លេច​ចេញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន​ផង​ដែរ​ដូច​ជា អ្នកជំងឺ​ក្តៅខ្លួន ផ្តាសាយ ភ្នែក​ទ្បើ​ង​ពណ៌​លឿន និង​ទឹកនោម​ពណ៌​លឿ​ជាដើម ។ ទោះជា​យ៉ាងណា ៩០%​ចំពោះ​អ្នក​ដែល​កើត​មាន​ជំងឺ​នេះ ដែល​មិន​មាន​រោគ​សញ្ញា ដូច្នេះ​ហើយ​បានជា​អ្នកជំងឺ​ច្រើន​តែ​ហួសពេល ដោយ​ជំងឺ​នេះ​អាច​វិ​វ​ឌ្ឍ​ទៅ​រក​អាការ​ធ្ងន់ ដែល​អាច​ឈាន​ដល់​ការ​កើត​មាន​ជំងឺ​ក្រិន​ថ្លើម មហារីក​ថ្លើម​ទើប​វា​លេច​ចេញ​នូវ​រោគ​សញ្ញា​នេះ​ឱ្យ​អ្នកជំងឺ​បានដឹង ។

មេរោគ​រលាក​ថ្លើម​ប្រភេទ​បេ មិន​ឆ្លង​តាម​ចំណីអាហារ ទឹក ការ​ឱប​ថើប ការ​និយាយ​គ្នា ការ​ចាប់ដៃ​គ្នា ក្អក ឬ​កណ្តាស់​នោះ​ទេ ។ លោក​អ្នក​អាច​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​នេះ តាម​រយៈ​ឈាម ទឹកកាម ទឹករងៃ ទឹករំអិល​ដូច​ជា​៖

-​ការ​រួម​ភេទ​ជាមួយ​អ្នក​ដែល​មាន​ជំងឺថ្លើម​ប្រភេទ​បេ​ដោយ​ពុំ​បានការ​ពារ
-​ការ​ចាក់​ថ្នាំ​ដោយ​ប្រើ​សឺ​រ៉ាំ​ង​និង​ម្ជុល​ប្រលាក់​ឈាម
-​ឆ្លង​ពី​ម្តាយ​ទៅ​កូន​នៅ​ពេល​សម្រាល និង​ឆ្លង​តាម​ការ​រស់នៅ​ជាមួយ​អ្នកជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ប្រភេទ​បេ ។
-​ការ​សាក់​ឬ​ចោះត្រចៀក ការ​ប្រើ​សម្ភារ​រួម​គ្នា​ជាមួយ​អ្នកមាន​មេរោគ​ថ្លើម​ប្រភេទ​បេ​ដូច​ជា​ប្រដាប់​កោរ​ពុកមាត់ ច្រាស់​ដុសធ្មេញ​ជាដើម ក៏​ជា​មូលហេតុ​អាច​ឆ្លង​ដែរ ។

ជំងឺ​រលាក​ថ្លើម​ប្រភេទ B គឺជា​ការ​បង្ក​រោគ​ទៅ​លើ​កោសិកា​ថ្លើម ដែល​បណ្តាល​មក​ពី​វីរុស​ថ្លើម​ប្រភេទ B ។ ការ​បង្ក​រោគ​នេះ អាច​មាន​ពីរ​ដំណាក់កាល គឺ​ដំណាក់កាល​ស្រួចស្រាល់ និង​ដំណាក់កាល​រ៉ាំរ៉ៃ ដំណាក់កាល​ទាំង​ពីរ​នេះ​មាន​៖

១-​រលាក​ថ្លើម​ប្រភេទ​បេ​ស្រួច​ស្រាវ​៖ គឺជា​ជំងឺ​ដែល​កើត​ទ្បើ​ង​នៅ​ពេល​ដែល​ឆ្លង​មេរោគ​នោះ​ដំបូង​រហូត​ដល់​រយៈពេល​ប្រហែល​៦​ខែ​ហើយ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះ​អាច​វិវត្តន៍​វិល​ទៅ​ជា​សះស្បើយ​រហូត​ដល់​៩៥% បើ​មេរោគ​នៅ​មាន​កម្រិត​ស្រាល ។ តែ​ផ្ទុយ​ទៅ​វិញ ជំងឺ​រលាក​ថ្លើម​ស្រួចស្រាល់​វិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​រហូត​ដល់​៩០% បើ​វា​ឆ្លង​ទៅ​ក្មេង​ដែល​មាន​អាយុ​តិច​ជាង​១​ឆ្នាំ ។

២-​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​រ៉ាំរ៉ៃ គឺជា​កា​រវិ​វ​ឌ្ឍ​ពី​ដំណាក់កាល​ស្រួចស្រាល់ ហើយ​មេរោគ​មានកា​រវិ​វ​ឌ្ឍ​នៅ​ក្នុង​ឈាម​លើស​ពី​៦​ខែ និង​រហូត​អស់​មួយ​ជីវិត ។ ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​រ៉ាំរ៉ៃ​អាច​បណ្តាល​ឱ្យ​ក្រិន​ថ្លើម មហារីក​ថ្លើម ថ្លើម​ឈប់​ដំណើរការ និង​បណ្តាល​ឱ្យ​ស្លាប់​បាន ។

ជំងឺថ្លើម​ប្រភេទ B អាច​បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ដែល​កត្តា​ជា​ចម្បង​នោះ​គឺ​អាច​ធ្វើ​ឱ្យ​បាត់បង់​ជីវិត ។ មក​ដល់​បច្ចុប្បន្ន មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​សម្លាប់​មេរោគ​នេះ​នៅ​ទ្បើ​យ​ទេ ។ តែ​ជា​ភ័ព្វសំណាង​របស់​មនុស្ស​យើង ព្រោះ​ជំងឺ​នេះ​មាន​វ៉ាក់សាំង​ចាក់​បង្ការ​កុំឱ្យ​កើត​មាន​ជំងឺ​នេះ​បាន​រហូត​ដល់​១០០​ភាគរយ ៕