ការ​សិក្សា​មួយ​ដែល​ធ្វើ​ទៅ​លើ​បុរស​បាន​ចង្អុលបង្ហាញ​ថា ការ​រួម​ភេទ​មិន​ត្រឹមតែ​ផ្តល់​នូវ​ក្តី​សប្បាយ​រីករាយ​បំបាត់​អស់​ភាព​តានតឹង​ក្នុង​ចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​ផល​ល្អ​ដល់​សុខភាព​បេះដូង​ផង​ដែរ ។

ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ American Journal of Cardiology ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ខ្លួន​បាន​រក​ឃើញ​ពី​ការ​ជាប់​ពាក់ព័ន្ធ​គ្នា​រវាង​ហ្វ្រេ​កង់​នៃ​សកម្មភាព​ផ្លូវភេទ​ទាប​និង​ហានិភ័យ​ជំងឺ​បេះដូង ។

Susan A. Hall សមាជិក​ក្រុម​ស្រាវជ្រាវ​មក​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ New England​បាន​សរសេរ​ថា ក្រុម​បុរស​ដែល​រាយការណ៍​ថា រួម​ភេទ​ម្តង​ក្នុង​មួយ​ខែ​ឬ​គ្មាន​សោះ​ប្រឈម​យ៉ាង​ខ្ពស់​នឹង​ជំងឺ​បេះដូង​ធៀប​ទៅ​នឹង​ក្រុម​បុរស​ដែល​និយាយ​ថា ខ្លួន​រួម​ភេទ​២​ឬ​ច្រើន​ដង​ក្នុង​មួយស​ប្តា​ហ៍ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បន្ត​ថា ការ​សិក្សា​ពី​លើក​មុន​ៗ​គឺ​ពិនិត្យ​តែ​លើ​ទំនាក់ទំនង​រវាង​ការ​ងាប់​លិង្គ​និង​ជំងឺ​បេះដូង​ប៉ុណ្ណោះ ។ ប៉ុន្តែ​ការ​សិក្សា​ថ្មី​លើក​នេះ​គឺ​បាន​ពិនិត្យ​មើល​ជា​សំខាន់ ជា​អាទិភាព​ទៅ​លើ​ហ្វ្រេ​កង់​សកម្មភាព​ផ្លូវភេទ​និង​ជំងឺ​បេះដូង ។ នៅ​ក្នុង​ការ​ពិសោធ​តាមដាន​លើ​បុរស​វ័យ​ខ្ទង់​៥០​ឆ្នាំ ចំនួន​១​ពាន់​១៦៥​នាក់​ដោយ​ប្រើ​ពេល​១៦​ឆ្នាំ ពួក​គេ​បាន​រក​ឃើញ​ពី​ការ​កើនឡើង​នូវ​ហានិភ័យ​ជំងឺ​បេះដូង​ចំពោះ​ក្រុម​បុរស​ដែល​ហ្វ្រេ​កង់​សកម្មភាព​រួម​ភេទ​របស់​ពួក​គេ​ធ្លាក់​ចុះ ។ ប្រៀបធៀប​ជាមួយ​បុរស​ដែល​និយាយ​ថា ខ្លួន​បាន​រួម​ភេទ​យ៉ាង​ហោច​ណាស់​២-៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍ បុរស​ដែល​រួម​ភេទ​ត្រឹម​ម្តង​ឬ​គ្មាន​សោះ​ក្នុង​មួយ​ខែ ជួប​ប្រទះ​នូវ​កំណើន​ហានិភ័យ​ពី​ជំងឺ​បេះដូង​ដល់​៤៥​ភាគរយ​អំឡុង​រយៈពេល​ពិសោធន៍ ។ សូម​បញ្ជាក់​ថា ហានិភ័យ​នេះ​គឺ​បាន​រាប់​បញ្ចូល​ទាំង​កត្តា​អាយុ​និង​កត្តា​លិង្គ​មិន​ងើប​រឹង​ផង​ដែរ ។

ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល​បាន​បន្ថែម​ថា​៖
«​លទ្ធផល​នៃ​ការ​រក​ឃើញ​របស់​យើង​គឺ​បាន​បង្ហាញ​ជា​អនុសាសន៍​ថា កម្រិត​ហ្វ្រេ​កង់​នៃ​សកម្មភាព​រួម​ភេទ​ទាប អាច​ទស្ស​ទាយ​បាន​ពី​ជំងឺ​បេះដូង​ខណៈ​មួយ​ផ្នែក​តូច​ទាក់ទិន​នឹង​លិង្គ​មិន​ងើប​រឹង ហើយ​ថា ការ​ស្វែងរក​ការ​ពិនិត្យ​និង​ព្យាបាល​ទាន់​ពេល​គឺជា​ដំណោះស្រាយ​ដ៏​មាន​ប្រយោជន៍​» ។

សាស្ត្រាចារ្យ​Hall​បាន​បញ្ជាក់​ថា បណ្តា​បុរស​ដែល​សកម្ម​នឹង​ការ​រួម​ភេទ​ទំនង​មាន​ថាមពល​ផ្លូវភេទ​ក៏​ដូច​ជា​សមត្ថភាព​រាង​កាយ​ខ្លាំង​។ ដូចនេះ សមត្ថភាព​រួម​ភេទ​អាច​ជា​ក្រិត​វាស់​នូវ​សុខភាព​ទូទៅ ។ លោក​បន្ត​ថា បុរស​ដែល​រួម​ភេទ​បាន​ទៀងទាត់​អាច​នឹង​មាន​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ដៃគូ​តែ​ម្នាក់ ។ ចំណុច​នេះ​គឺ​ផ្តល់​ផល​ល្អ​ដល់​សុខភាព ដោយ​វា​ធ្វើ​ឱ្យ​កម្រិត​Stress​ថយ​ចុះ ហើយ​ជាង​នេះ​ទៅ​ទៀត​គឺ​ការ​គាំទ្រ​ពី​សង្គម ៕