ជំងឺ​ពុក​ឆ្អឹង​ត្រូវ​បាន​គេ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ក្នុង​ការ​ថែទាំ ក៏​ដូច​ជា​ព្យាបាល ព្រោះ​ជំងឺ​នេះ​បាន​ផ្តល់​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នកជំងឺ ជា​ពិសេស​អាច​ប្រឈម​ទៅ​នឹង​ការ​បាក់ឆ្អឹង​ទៀត​ផង ។ ករណី​នេះ​បើសិនជា​ឈាន​ដល់​ការ​បាក់ឆ្អឹង ដោយសារ​ជំងឺ​ពុក​ឆ្អឹង​នោះ ធ្វើ​ឱ្យ​អ្នកជំងឺ​កាន់តែ​ទទួលផល​លំបាក​យ៉ាង​ខ្លាំង​និង​អាច​ឈាន​ដល់​អវសាន​នៃ​អាយុជីវិត​ទៀត​ផង ។

ជួប​ជាមួយ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ស៊ិ​ក ធី​រៈ ឯកទេស​ជំងឺ​សន្លាក់​និង​វះកាត់​ឆ្អឹង​បាក់បែក​នៃ​គ្លីនិក​ឯកទេស​ឆ្អឹង​សំណង់​១២ បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ការ​បាក់ឆ្អឹង​ដោយសារ​ជំងឺ​ពុក​ឆ្អឹង​អាច​បណ្តាល​ឱ្យ​ប្រឈម​ទៅ​នឹង​ផល​លំបាក​មួយ​ចំនួន​ដូច​ជា​៖
-​ឈឺចាប់​ធ្ងន់ធ្ងរ​យូរអង្វែង
-​ឆាកជីវិត​ចាប់ផ្តើម​មាន​បញ្ហា
-​បាត់បង់​ពេលវេលា​ធ្វើ​ការងារ
-​ឈាន​ទៅ​ពិការ​ភាព ។

អ្នកជំងឺ​ដែល​បាក់​ឆ្អឹងត្រគាក​ប្រហែលជា​៣០​ភាគរយ ទាមទារ​ការ​ថែទាំ​នៅផ្ទះ​ក្នុង​រយៈពេល​យូរ ។ ជំងឺ​ពុក​ឆ្អឹង​អាច​បង្កើន​ការ​ប្រឈម​មុខ​ទៅ​នឹង​សេចក្តីស្លាប់ ។ ស្ត្រី​ប្រហែលជា​២០​ភាគរយ ដែល​បាក់​ឆ្អឹងត្រគាក​នឹង​អាច​ស្លាប់​នៅ​ឆ្នាំ​បន្ទាប់ ។ បន្ថែម​ពីលើ​នេះ​ទៀត នៅ​ពេល​ដែល​មាន​មនុស្ស​ណា​ម្នាក់​ធ្លាប់​បាក់ឆ្អឹង​ខ្នង​ដោយសារ​ជំងឺ​ពុក​ឆ្អឹង នឹង​ប្រឈម​មុខ​ខ្ពស់​ដោយ​គ្រោះថ្នាក់​បាក់ឆ្អឹង​ដទៃ​ទៀត ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​(​ពីរ​ឬ​បី​ឆ្នាំ​) ។ ស្ត្រី​អស់​រដូវ​ប្រហែលជា​២០​ភាគរយ ដែល​បាន​បាក់ឆ្អឹង​ខ្នង​អាច​នឹង​បាក់ឆ្អឹង​នោះ​ម្តងទៀត​នៅ​ឆ្នាំ​បន្ទាប់ ។

លោក​វេជ្ជបណ្ឌិត​បន្ត​ថា មាន​ចំណុច​ជា​ច្រើន​បាន​ចោទសួរ​ថា តើ​កត្តា​អ្វីខ្លះ​អាច​កំណត់​ភាពរឹងមាំ​របស់​ឆ្អឹង ?

កំហាប់​របស់​ឆ្អឹង (bone density) ត្រូវ​បាន​កំណត់​ដោយ​ចំនួន​របស់​ឆ្អឹង​នៅ​ក្នុង​ប្រព័ន្ធ​គ្រោងឆ្អឹង​របស់​មនុស្ស ។ ជា​ទូទៅ កំហាប់​ឆ្អឹង​កាន់តែ​ខ្លាំង ឆ្អឹង​កាន់តែ​រឹង​មាំ ។ កំហាប់​ឆ្អឹង​អាច​ទទួល​ឥទ្ធិពល​ពី​កត្តា​តំណពូជ ដែល​ពេល​ខ្លះ​វា​អាច​ផ្លាស់​ប្តូរ​បាន​ដោយសារ​កត្តាបរិស្ថាន និង​ការ​ប្រើប្រាស់​ថ្នាំពេទ្យ ។ តាម​ការ​កត់សម្គាល់​បុរស​មាន​កំហាប់​ឆ្អឹង​ខ្ពស់​ជាង​ស្ត្រី ជនជាតិ​អា​មេ​រិ​ក​មាន​កំហាប់​ឆ្អឹង​ខ្ពស់​ជាង​ជនជាតិ​អាស៊ី ។

ជា​ធម្មតា កំហាប់​ឆ្អឹង​កើន​ទ្បើ​ង​ក្នុង​កំ​ទ្បុ​ង​ពេល​នៅ​ក្មេង និង​ឈប់​លូតលាស់​នៅ​អាយុ​ប្រហែល​២៥​ឆ្នាំ​ទ្បើ​ង​ទៅ ។ កំហាប់​ឆ្អឹង​នៅ​ស្ថិតស្ថេរ​ក្នុង​រយៈពេល​ប្រហែលជា​១០​ឆ្នាំ ។ ជា​ធម្មតា ចាប់ពី​អាយុ​៣៥​ឆ្នាំ​ទ្បើ​ង​ទៅ ទាំង​បុរស​និង​ស្ត្រី​បាត់បង់​កំហាប់​ឆ្អឹង​ចាប់ពី​០,៣​ទៅ​០,៥​ភាគរយ ក្នុង​មួយ​ឆ្នាំ​ៗ ខណៈ​ដែល​ភាព​ចាស់ជរា​របស់​មនុស្ស​យើង​ចេះ​តែ​ឆ្ពោះទៅ​មុខ ។ អ័រម៉ូន​អី​ុ​ស្ត្រូ​សែន ចំពោះ​ស្ត្រី​មាន​សារសំខាន់​ក្នុង​ការ​ថែរក្សា​កំហាប់​ឆ្អឹង ។ នៅ​ពេល​ដែល​កម្រិត​អ័រម៉ូន​នេះ ធ្លាក់​ចុះ​បន្ទាប់​ពី​អស់​រដូវ​ការ​បាត់បង់​កំហាប់​ឆ្អឹង​ក៏​កើន​ទ្បើ​ង​ដែរ ។ កំ​ទ្បុ​ង​ពេល​៥​ទៅ​១០​ឆ្នាំ​ដំបូង បន្ទាប់​ពី​អស់​រដូវ​ស្ត្រី​អាច​បាត់បង់​កំហាប់​ឆ្អឹង​រហូត​ដល់​ទៅ​២​ភាគរយ​ក្នុង​មួយ​ឆ្នាំ ហើយ​លទ្ធផល​នេះ​អាច​ឈាន​ដល់​២៥​ទៅ​៣០​ភាគរយ ។

ការ​កើន​ទ្បើ​ង​នៃ​ការ​បាត់បង់​កំហាប់​ឆ្អឹង បន្ទាប់​ពី​ស្ត្រី​អស់​រដូវ​នោះ គឺជា​មូលហេតុ​ចម្បង​បណ្តាល​ឱ្យ​ស្ត្រី​មាន​ជំងឺ​ពុក​ឆ្អឹង ដែល​គេ​និយម​ហៅ​ថា ជំងឺ​ពុក​ឆ្អឹង​ក្រោយ​ពេល​ស្ត្រី​អស់​រដូវ (Postmenopausal osteoporosis) ៕