ផោម ជា​ខ្យល់​ដែល​ចេញ​ចាក​វច្ចមគ្គ​គឺ​ខ្យល់​ដែល​ចេញ​មក​តាម​ទ្វារធំ (​រន្ធ​គូទ​) ហៅ​ថា​ដំណើរ​ខ្យល់​ក្រោម ឬ​បញ្ចេញ​ផោម ។ ផោម ជា​ប្រភេទ​ខ្យល់​មិនល្អ​ចេញពី​ក្នុង​ខ្លួន​មក​ខាងក្រៅ ហើយ​ក្លិន​នេះ​មិន​ដែល​ធ្វើ​ឱ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​មាន​អារម្មណ៍​សប្បាយ​នឹង​វា​នោះ​ទេ តែ​ផោម​ជាស​ភាវៈ​យ៉ាង​សំខាន់​មួយ​បង្ហាញ​ពី​អាកា​រៈ​សុខភាព​របស់​មនុស្ស​ទាក់ទង​នឹង​ពោះវៀន ។ ពោះវៀន​ល្អ​ធ្វើ​ឱ្យ​ការ​បញ្ចេញ​ខ្យល់​ស្រួល​ធូរ​ពោះ ហាក់ដូចជា​រំសាយ​អារម្មណ៍ តែបើ​ពោះវៀន​មាន​បញ្ហា​ដូច​ជា​ដុះ​សាច់​ជាដើម នឹង​ត្រូវ​ស្ទះខ្យល់​មិន​អាច​បញ្ចេញ​ផោម​បាន ធ្វើ​ឱ្យ​ពោះ​តឹង​ណែន​ចុក​ឆ្អល់ ហើយ​បើ​ស្ទះ​លាមក​ទៀត​នោះ ជា​បញ្ហា​កាន់តែ​ធ្ងន់ ។ ដូច្នេះ​លោក​អ្នក​មិន​គួរ​ទប់​ឬ​ខ្ជឹប​ផោម​ទុក​នោះ​ទេ ទោះជា​ស្ថិត​ក្នុង​ទីណា​ក៏​ដោយ ត្រូវ​តែ​បញ្ចេញ​វា​មក​តាម​ដំណើរ​ធម្មជាតិ ។

ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត អ៊ុ​ង ចក្រាវុធ ប្រធាន​ផ្នែក​ជំងឺថ្លើម ក្រពះ ពោះវៀន និង​ជំងឺ​ឫសដូងបាត​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ថ្លែង​ថា ផោម​ជា​ទូទៅ​គ្រាន់តែ​ជា​អាកា​រៈ​ធម្មតា​របស់​មនុស្ស​យើង​តែ​ប៉ុណ្ណោះ ៩៩%​កម្រ​នឹង​មាន​ជំងឺ​ណា​ដែល​បណ្តាល​ឱ្យ​មាន​ផោម​ច្រើន​នោះ​ទេ តែបើ​អត់​មាន​ផោម​វិញ​នោះ​បង្ហាញ​ថា លោក​អ្នកមាន​បញ្ហា​ហើយ ។ ផោម​ច្រើន​ឬ​ផោម​តិច ហើយ​ធុំក្លិន​ឬ​មិន​ធុំក្លិន​ទាក់ទង​ទៅ​នឹង​ប្រភេទ​ចំណីអាហារ ដែល​អ្នក​ទទួលទាន កាលបើ​លោក​អ្នក​ទទួលទាន​ខ្ទឹមស​ច្រើន​នោះ​វា​នឹង​ផលិត​ជាតិ​ហ្គា​ស់​ធ្វើ​ឱ្យ​មាន​ខ្យល់​ច្រើន​នៅ​ក្នុង​ពោះវៀន ហើយ​ខ្យល់​ទាំងនេះ​ត្រូវ​បាន​បញ្ចេញ​មក​តាម​វច្ចមគ្គ​ទ្វារធំ​មក​ក្រៅ​ជា​បន្តបន្ទាប់ ។ ប៉ុន្តែ​កាលបើ​មិន​បញ្ចេញ​ខ្យល់​សោះ យើង​កំណត់​ដឹង​អាកា​រៈ​នេះ​តាម​រយៈ​រោគ​សញ្ញា​បង្ហាញ​ថា តើ​លោក​អ្នក​ប្រឈម​នឹង​បញ្ហា​អ្វីខ្លះ ? ។ មាន​បុគ្គល​ខ្លះ​មិន​ត្រឹមតែ​អត់​មាន​បញ្ចេញ​ផោម​នោះ​ទេ ថែម​ទាំង​មិន​បន្ទោបង់ (​បត់ជើងធំ​) ទៀត​ផង ដែល​ករណី​នេះ​អាច​ជា​ជំងឺ​ដុះ​សាច់​ក្នុង​ពោះវៀន ជា​ហេតុ​បណ្តាល​ឱ្យ​ស្ទះ​ពោះវៀន ។ ដូច្នេះ​បើសិនជា​លោក​អ្នក​មិន​មាន​ផោម​ឬ​មាន​អាកា​រៈ​ចម្លែក​អ្វីមួយ​នៅ​ក្នុង​ខ្លួន ជា​ពិសេស​មិន​មាន​បន្ទោបង់​លាមក​ថែម​ទៀត​នោះ គួរតែ​ប្រញាប់​មក​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ និង​រក​រោគ​សញ្ញា​ឱ្យ​បាន​ច្បាស់លាស់ ព្រោះ​ការ​អត់​ផោម ឬ​អត់​បន្ទោបង់​មិន​ប្រាកដ​ថា អាច​បណ្តាល​មក​ពី​ជំងឺ​ដុះ​សាច់​ក្នុង​ពោះវៀន​តែ​មួយ​មុខ​នោះ​ទេ គឺ​មាន​ជំងឺ​ជា​ច្រើន​ប្រភេទ​ទៀត ៕