យោង​តាម​អ្នកជំនាញ​របស់​អូស្ត្រាលី​ឱ្យ​ដឹង​ថា ការ​ផ្តល់​ឱ្យ​ស្បែក​ប៉ះ​ពន្លឺ​ថ្ងៃ​បាន​គ្រប់គ្រាន់​អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺមហារីក​មួយ​ចំនួន​បាន​ប្រហែលជា​៥០​ភាគរយ ។

នៅ​ក្នុង​ការ​ពិសោធ​លើ​ជនជាតិ​អូស្ត្រាលី​ជាង​២​ម៉ឺន​នាក់ លោកស្រី​សាស្ត្រាចារ្យ​Rachel Neale​បាន​រក​ឃើញ​ថា អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​ទទួល​កាំរស្មី​យូ​វី​កម្រិត​ខ្ពស់ អាច​កាត់​បន្ថយ​ឱកាស​កើត​មហារីក​លំពែង​បាន​រវាង​ពី​៣០​ទៅ​៤០​ភាគរយ ធៀប​នឹង​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​មាន​ពន្លឺ​ថ្ងៃ​តិចតួច ។ សាស្ត្រាចារ្យ​មក​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​QIMR​នៅ​ក្រុង​ប្រ៊ី​ស​បេន​រូប​នេះ បច្ចុប្បន្ន​កំពុងធ្វើការ​ពិសោធ​បន្ត​ដើម្បី​មើល​ឱ្យ​ច្បាស់​ថា តើ​វីតាមីន D​ពិតជា​អាច​បន្ថយ​ហានិភ័យ​មហារីក​អូវែ​និង​បំពង់​រំលាយ​អាហារ​បាន​មែន​ទេ ។ 

លោកស្រី​សាស្ត្រាចារ្យ​បាន​ថ្លែង​ថា​៖

«​វា​ពិតជា​សំខាន់​ដែល​ត្រូវ​ទទួល​បាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ ជា​ពិសេស​សម្រាប់​បណ្តាជន​ដែល​គ្មាន​ពេល​ចេញ​ទៅ​ក្រៅ​» ។

សម្រាប់​ក្មេង​ៗ ការ​មិន​ទទួល​បាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់​អាច​នាំ​ឱ្យ​ពួក​គេ​កើត​មាន​រោគ​ក្រិស​-​គឺជា​ប្រភេទ​ជំងឺ​ឆ្អឹង​ដែល​ធ្វើ​ឱ្យ​ឆ្អឹង​ទន់ គ្មាន​រូបរាង​ត្រឹមត្រូវ​ឬ​ជំងឺ Osteomalacia ។

លោកស្រី​សាស្ត្រាចារ្យ Neale​បាន​បន្ត​ថា​៖«​សូ​ម្បី​តែ​ការ​ត្រូវ​ត្រឹម​២-៣​នាទី​ក្នុង​មួយ​ថ្ងៃ​គឺ​គ្រប់គ្រាន់​នឹង​ទទួល​បាន​វីតាមីន​D ។ គេ​គួរ​ដឹង​ថា ការ​ត្រូវ​ពន្លឺ​ថ្ងៃ​សព្វ​រាង​កាយ​រយៈពេល​ខ្លី​គឺ​ប្រសើរ​ជាង​ត្រូវ​តែ​មួយ​កន្លែង​ណាមួយ​លើ​រាង​កាយ តែ​រយៈពេល​វែង ។ ចូរ​ចេញ​ក្រៅ​ផ្ទះ​ដោយ​លែងខ្លួន​ទទេ និង​ស្លៀក​ខោខ្លី »​។ 

ទោះជា​យ៉ាងណា ជា​ការ​សន្និដ្ឋាន​ចុង​ក្រោយ លោកស្រី​សាស្ត្រាចារ្យ Neale​បាន​គូសបញ្ជាក់​ថា ពុំ​ទាន់​មាន​ភស្តុ​តាង​រឹង​មាំ​គ្រប់គ្រាន់​ដែល​អះអាង​ថា វា​ពិតជា​អាច​ទៅ​រួច​ដែល​ថា ថ្នាំ​គ្រាប់​វីតាមីន​D​ផ្តល់​អត្ថប្រយោជន៍​ប្រឆាំង​នឹង​មហារីក​ពេញលេញ​ឬ​អត្ថប្រយោជន៍​សុខភាព​ជាក់ស្តែង​របស់​ពន្លឺ​ថ្ងៃ​នោះ​ទេ ។ លោកស្រី​បន្ថែម​ថា ៖«​យើង​ពិតជា​ពុំ​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ដែល​និយាយ​ថា នេះ​ជា​ការ​ពិត​១០០​ភាគរយ ដ្បិត​យើង​បាន​ពិនិត្យ​តែ​លើ​ការ​ជាប់​ពាក់ព័ន្ធគ្នា​រវាង​ការ​ប៉ះ​ត្រូវ​ពន្លឺ​ថ្ងៃ​និង​មហារីក​តែ​ប៉ុណ្ណោះ​ពោល​គឺ​មិនមែន​ហេតុ​បង្ក​នោះ​ទេ »៕